ដើមសម័យអង្គរ

  • សេចក្ដីផ្ដើម    

     

កម្ពុជានាចុងសតវត្សទី៨ ត្រូវស្ថិតនៅក្រោមអាណា និគមប្រទេសជ្វា យ៉ាងតិចណាល់ក៏ជាង១០ឆ្នាំដែរ។  ចំពោះការរស់នៅការគ្រប់គ្រង និងទិដ្ឋភាពក្នុងនគរ  យើងពុំមានឯកសារអ្វីជាសំអាងសម្រាប់សិក្សាឡើយ តែយើងអាចដឹងបានថាថ្ងៃក្រោយមានក្សត្រខ្មែរមួយ អង្គព្រះនាម ជ័យវរ្ម័ន (ជ័យវរ្ម័នទី២) បានរៀបចំការ តស៊ូប្រមូលអ្នក ស្នេហាជាតិ កងទ័ពចេញមកប្រយុទ្ធ  រើបំរះរំដោះ កម្ពុជាពីអាណានិគមជ្វា។ ព្រះបាទ ជ័យវរ្ម័ន ជាព្រះមហាក្សត្រខ្មែរមួយដ៏ចំណានខ្លាំងពូ កែ ក្នុងប្រវត្ដិ សាស្រ្ដខ្មែរ ដែលបានកសាងសម័យ មហានគរ ហើយ ដែលបានជំរុញធ្វើអោយកម្ពុជា មានអានុភាពរៀងរហូតមក ។

  •   ព្រះបាទជ័យវរ្ម័នទី២ (៨០២ - ៨៥៤)

   គេអាចស្គាល់ប្រវត្ដិរបស់ព្រះបាទជ័យវរ្ម័នទី២ ដោយសារសិលាចារឹក ស្ដុកកក់ធំ ដែលអ្នកប្រវត្ដិវិទូខ្មែរបានសរសេរចារឆ្លាក់លើ ថ្ម ២០០ក្រោយរជ្ជកាលព្រះអង្គ។ ក្នុងរាជព្រះអង្គ គេពុំឃើញមានសិលាចារឹកណាមួយដែលបានសរសេរចារទុកបញ្ជាក់ប្រាប់អំពី ការ តស៊ូ ព្យាយាមបង្រួបបង្រួមសាមគ្គីជាតិ វាយកំម្ចាត់ខ្មាំង និង កសាងមាតុភូមិឡើយ។ ព្រះបាទជ័យវរ្ម័នទី២ត្រូវជាចៅមីង ព្រះ បាទ បុស្សក្ករាក្ស បើគិតតាមខ្សែខាងម្ដាយ។ ក្នុងពេលកើតព្រឹត្ដិការណ៍ ពួកជ្វាចោរសមុទ្រចូលមកលួចប្លន់ ដុតផ្ទះសម្បែង ទីក្រុង សម្ភុ បុរៈព្រះអង្គព្រមទាំងព្រះញាតិវង្សត្រូវពួកខ្មាំងចាប់យកជាឈ្លើយ នាំយកទៅកោះជ្វា។ កាលនោះព្រះអង្គនៅជាកុមារនៅ ឡើយ។  នៅប្រទេសជ្វា ព្រះអង្គខំប្រឹងរៀនសូត្រគ្រប់មុខវិជ្ជា ទាំងក្នុងសាសនា ទាំងក្នុងរបៀបរៀបចំនគរ ដែលជាមូលដ្ឋានបាន ជំរុញធ្វើ អោយប្រទេសជ្វាក្លាយទៅជាមហាអំណាចមួយក្នុង ភូមិភាគអាស៊ីអាគ្នេយ៍

  •  ការតស៊ូរំដោះជាតិ

     ថ្ងៃមួយក្នុងគ.ស.៨០០ ព្រះបាទជ័យវរ្ម័នទី២ ដោយមានពលសេនាអាមាត្យជាទីទុកចិត្ដជូនដំនើរផង ក៏លបលួចធ្វើដំនើរត្រ លប់មកស្រុកខ្មែរ វិញ។ ព្រះអង្គបានតាំងទីមូលដ្ឋាននៅខេត្ដក្រចេះក្នុងតំបន់ចន្លោះអតីតព្រះរាជធានីសម្ភុបុរៈនិងស្រុកត្បូងឃ្មុំ។ កន្លែង នោះមានឈ្មោះថា ឥន្រ្ទបុរៈ ដែលគេចាត់ទុកជារាជធានីមួយ ក្នុងរជ្ជកាលព្រះអង្គ។ ព្រះអង្គបានពន្យល់បញ្ចុះបញ្ចូលដឹក នាំព្រះ ញាតិវង្ស នាម៉ឺនមន្រ្ដីមេទ័ព និងស្ដេចដែលធ្លាប់ចំនុះនគរចេនឡាទឹកលិច អោយសុខចិត្ដសុខកាយយល់ព្រមរួបរួមកម្លាំង វាយ កម្ចាត់ពួកសត្រូវចោរជ្វា ។

    ក្នុងការតស៊ូរំដោះជាតិពីនឹមប្រទេសជ្វា ព្រះជ័យវរ្ម័នទី២ មានសហការីពូកែចំណានចំណាប់មានវិជ្ជា និងសមត្ថភាពយ៉ាងខ្ពស់ ជ្រៅជ្រះជាច្រើនជាជំនួយ។ មេទ័ពដ៏ល្បីល្បាញជាងគេឈ្មោះ ព្រិទ្ធិឥន្រ្ទវរ្ម័ន ដែលបានរំដោះបង្ក្រាបនិងរៀបចំតំបន់ដែលស្ថិតនៅ ខាងត្បូង ខេត្ដបាត់ដំបង អោយមានសន្ដិសុខ ។ ស្នាដៃនេះ ជាកត្ដាមួយយ៉ាងសំខាន់ ដែលអនុញ្ញាតផ្ដល់ដល់ព្រះមហាក្សត្រ ខ្មែរ នូវលទ្ធភាពកសាងព្រះរាជធានី ក្នុងតំបន់បឹងទន្លេសាប ដែលជាជង្រុកស្រូវ និង ត្រីសាច់ ហើយលើផ្នែកយុទ្ធសាស្រ្ដវិញទីក្រុង កម្ពុជា ក៏ស្ថិតនៅឆ្ងាយពីច្រកចូលរបស់កងទ័ពជ្វា និងចាម ដែលតែងឡើងមកតាមដងទន្លេដែរ។ ដូច្នេះហើយបានជា ព្រះបាទ ជ័យវរ្ម័នទី២ បោះបង់ភូមិភាគទន្លេមេគង្គខាងត្បូងមកតាំងទីរាជធានីនៅខាងជើងបឹងទន្លេសាប។ អ្នកប្រាជ្ញម្នាក់ទៀតដែល ល្បី ល្បាញជាងគេខាងចំនេះចេះដឹង មានវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាឈ្លាសវៃឈ្មោះសិវកអិវលិយៈក្នុងគ្រប់កាលៈទេសៈព្រះអង្គតែង តែនាំអ្នកប្រាជ្ញកំពូល នេះទៅជាមួយជានិច្ច ដើម្បីទុកជាទីប្រឹក្សាជាន់ខ្ពស់ សំរាប់ផ្ដោះប្ដូរសាកសួរយោបល់គ្រប់បញ្ហា ដែលទាក់ ទងនឹងអាយុជីវិតរបស់ប្រទេសជាតិ។

    ប្រវត្ដិតស៊ូរបស់ព្រះបាទជ័យវរ្ម័នទី២ និង ប្រជាពលរដ្ឋខ្មែរជំនាន់នោះ គេពុំបានដឹងអ្វីជាពិតប្រាកដទេ។ តែយើងអាចប៉ាន់ស្មាន បានថាការតស៊ូរំដោះជាតិក្នុងគ្រានោះមានភាពខ្លាំងក្លាធ្ងន់ពិបាកណាស់ជាពិសេសនៅចំពោះមុខខ្មាំងជ្វាដែលកំពុងមានកម្លាំង។  ប្រហែលជាមកអំពីបញ្ហាស្ថេរភាព សន្ដិសុខ និង បុព្វហេតុដូច្នេះហើយ ទើប បានជាព្រះមហាក្សត្រខ្មែរ បានលើក បានរើទីក្រុង ជា ច្រើនដំណាក់កាល។ ព្រះរាជធានីទាំងនេះមាន កុឌិ ដែលស្ថិតនៅក្នុងរង្វង់តំបន់ប្រាសាទបន្ទាយក្ដី ផ្នែកខាងជើងក្នុងខេត្ដសៀម រាប អមរិន្រ្ទបុរៈ ដែលអ្នកប្រវត្ដិវិទូប៉ាន់ស្មានថានៅក្នុងតំបន់បន្ទាយឆ្មារ ក្នុងខេត្ដបាត់ដំបង ហរិហរាល័យ ដែលស្ថិតនៅ តំបន់ រលួស ក្នុងខេត្ដសៀមរាប និងមហិន្រ្ទបរព៌ត ដែលជាភ្នំគូលែន ស្ថិតក្នុងខេត្ដសៀមរាបដដែល ។

  •  ការប្រកាសឯករាជ្យភាពកម្ពុជា

   គឺនៅលើភ្នំគូលែន រឺព្រះរាជធានីមហេន្រ្ទបរព៌ត ក្នុងគ.ស ៨០២ ដែលព្រះមហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី២បានប្រកាសឯក រាជ្យភាពកម្ពុជា ចេញពីក្រញាំអាណានិគមស្ដេចជ្វាកោះជ្វា។ ប្រវត្ដិរំដោះ និង ប្រកាសឯករាជភាពកម្ពុជា ត្រូវបានបុព្វបុរសខ្មែរ  សរសេរឆ្លាក់ចារលើផ្ទាំងសិលា ក្នុងគ.ស១០៥២ ដែលគេដាក់ឈ្មោះថា សិលាចារឹកស្ដុកកក់ធំសិលាចារឹកនេះគេបានរកឃើញ នៅក្នុងប្រាសាទស្ដុកកក់ធំ ដែលស្ថិនៅខាងជើងឆៀងខាងលិច ចម្ងាយប្រមាណ២៥ គីឡូម៉ែត្រពីទីប្រជុំជន សិរីសោភ័ណ ខេត្ដ បាត់ដំបង(សព្វថ្ងៃបន្ទាយមានជ័យ) ។ បច្ចុប្បន្ន សិលាចារឹកស្ដុកកក់ធំ ត្រូវគេយកទៅតម្កល់ទុកនៅសារមន្ទីរសៀមបាងកក។  តាមរយៈសិលាចារឹកស្ដុកកក់ធំ យើងអាចឃើញស្គាល់ យល់ និង ដឹងអំពីប្រវត្ដិសាស្រ្ដ វប្បធម៌ អរិយធម៌ខ្មែរមួយផ្នែកធំក្នុង សម័យអង្គរ។

   ដើម្បីអោយឯករាជភាពកម្ពុជា មានឥទ្ធិពលជ្រួតជ្រាបគ្រប់ទិសទី ទាំងក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់ប្រជាជនទាំងទៅលើប្រទេស ជិតឆ្ងាយ ព្រះបាទជ័យវរ្ម័ន បានរៀបចំបង្កើតធ្វើអោយមានពីធីបុណ្យសាសនា យ៉ាងឧត្តុង្គឧត្ដមធំឱឡារឹក នៅភ្នំគូលែន។ ព្រះ អង្គបាននិមន្ដព្រាហ្មណ៍មួយអង្គព្រះនាម ហិរនិយធម្មគង់នៅអាស្រមជនបទ ហើយដែលចេះគ្រប់មុខវិជ្ជាសិល្បស៍សាស្រ្ដ មន្ដ អាគម គាថា អោយមកចម្រើនរៀបចំពិធីបុណ្យ គោរពបូជាព្រហ្មញ្ញសាសនា ទៅតាមតម្រាក្បួនទ្រឹស្ដីទេវរាជ ។

   ព្រាហ្មណ៍ ព្រះគ្រូហិរនិយធម្ម បានបង្ហាត់បង្រៀនសាស្រ្ដាទាំងបួនក្នុងគម្ពីរព្រះឥសូរ ដល់ព្រាហ្មណ៍ សិវកអិវលិយៈ ទីប្រឹក្សា ជំនិតព្រះមហាក្សត្រ ដើម្បីអោយចេះចងចាំ ក្បួនវិធីរៀបចំធ្វើសក្ការបូជាគោរពទេវរាជ ។ ធម៌ទាំងនេះ ពួកព្រាហ្មណ៍ ត្រូវរៀន សូត្រស្វាធ្យាយ និង ត្រូវរៀបចំធ្វើពិធីផ្សេងៗ ដើម្បីកម្ចាត់សត្រូវ ដើម្បីប្រកាសតាំង ខ្លួនជាអ្នកជា មានឯករាជ្យភាព មានឥស្សរ ភាព និងបួងសួងសុំអោយមាននូវសេចក្ដីចម្រុងចម្រើនសំបូរសប្បាយដល់ប្រជាជាតិ។ គឺអាចជាទ្រឹស្ដី ជាក្បួនតម្រាគម្ពីរ សម្រាប់ រៀបចំកសាងនគរ អោយមានឯកភាព ខ្លាំងពូកែល្អ ។ ជាគុណបំណាច់ដល់ព្រាហ្មណ៍ សិវកអិវលិយៈព្រះមហាក្សត្រ បានសច្ចា ប្រគល់សិទ្ធិផ្ដាច់មុខដល់ គ្រួសារព្រាហ្មណ៍ តពូជពីជំនាន់មួយទៅជំនាន់មួយ ជាលំដាប់លំដោយ តាមត្រកូលខាងម្ដាយ អោយ មានឋានៈជាអ្នកទទួលបន្ទុករៀបចំពិធីបូជាទេវរាជ តទៅអនាគត។ ដូច្នេះ ហើយបានជាយើងឃើញមានក្រុមព្រាហ្មណ៍បារគូ  បុរោហិត នៅជិតជាប់ព្រះមហាក្សត្រ ដើម្បីជាសាក្ខីភាពនៃការគោរពប្រពៃណី។ តែក្រុមព្រាហ្មណ៍បុរោហិត ដែលមានពូជពង្ស ចុះមកពីព្រាហ្មណ៍ សិវកអិវលិយៈ ប្រហែលជាផុតពូជក្នុងសម័យស្ដេចត្រសក់ផ្អែម ពីព្រោះស្ដេចអង្គនេះ គ្មានបញ្ចក្សត្រ គ្មាន ព្រះខ័នរាជ គ្មានអ្វីសំគាល់ជាស្ដេចពេញគ្រប់លក្ខណៈ តាមច្បាប់ក្រិត្យក្រមវិន័យខ្មែរឡើយ(១) ។ ឯពិធីធ្វើសក្ការបូជាទេវរាជត្រូវ បានព្រះមហាក្សត្រខ្មែរជំនាន់ក្រោយ គោរពប្រតិបត្ដិ អនុវត្ដធ្វើតាមរហូតមកដល់សព្វថ្ងៃ ។ មិនតែប៉ុណ្ណោះព្រាហ្មណ៍ សិវកអិវ លិយៈ បានទទួលឋានៈជាព្រះរាជគ្រូរបស់ព្រះមហាក្សត្រ ។

     ១/ ពូជពង្សវង្សត្រកូល ព្រាហ្មណ៍ សិវកអិវលិយៈ ប្រហែលជាត្រូវផុតរលត់អស់លែងមាន ក្នុងសម័យព្រឹត្ដិការណ៍តាត្រសក់ ផ្អែមដណ្ដើមរាជ្យ ដែលបានកាប់សម្លាប់បំផ្លាញអ្វីជាព្រហ្មញ្ញសាសនា។ ដូច្នេះហើយ ទើបស្ដេចត្រសក់ផ្អែម បញ្ជាអោយបង្កើត ព្រាហ្មបុរោហិត និងបញ្ចក្សត្រសម្រាប់តំណាងរាជបល្ល័ង្គ។ ក្នុងការគោរពបូជាទេវរាជគេយក លិង្គ មកធ្វើជាតំណាង។ លិង្គនេះ គេយកទៅតំកល់ទុកលើភ្នំមួយយ៉ាងខ្ពស់ដែលជាតំនាងភ្នំព្រះសុមេរុ។ ឯភ្នំដែលតំណាងភ្នំព្រះសុមេរុ គឺភ្នំគូលែន។ ដូច្នេះហើយ បានជាព្រះបាទជ័យវរ្ម័នទី២ បានប្រារព្ធពិធីគោរពបូជាទេវរាជ និងយកលិង្គទៅតម្កល់នៅទីនោះ។ លិង្គជាតំណាងព្រះឥសូរ ជា តំណាងការ កកើត ។ ឯក្នុងការគោរពទេវរាជ លិង្គជាតំណាងព្រះមហាក្សត្រ ដែលមានភារកិច្ចការពារគ្របដណ្ដប់ ប្រជាជាតិ ទាំងតាមផ្លូវចិត្ដ ទាំងតាមផ្លូវកាយ លិង្គតំណាងទេវរាជ គេអាចលើកផ្លាស់ប្ដូរទីកន្លែងបាន ទៅតាមកាលៈទេសៈ ។

    ដោយសារពិធីសក្ការបូជាទេវរាជ ព្រះបាទជ័យវរ្ម័នទី២ អាចប្រកាសតាំងខ្លួនជាស្ដេចអាទិទេព (Dieu Roi) មានតេជៈបារមី ដូចទេវរាជ មិនចាញ់ស្ដេចជ្វានៅកោះជ្វាឡើយ។ ដែលជាលក្ខណៈបញ្ជាក់អំពីឯករាជ្យភាពពិតប្រាកដរបស់កម្ពុជា ។

  • ការតាំងរាជធានី

    ក្រោយពីភៀសខ្លួនមកពីប្រទេសជ្វានាឆ្នាំ៨០០ ព្រះបាទជ័យវរ្ម័នទី២មកគង់នៅឥន្ទ្របុរៈតំបន់កំពង់ចាម។ ដើម្បីបង្រួបបង្រួម ជាតិ ព្រះអង្គបានប្ដូររាជធានីប្រាំកន្លែង។ ចុងក្រោយព្រះអង្គយាងទៅគង់នៅលើកំពូលភ្នំគូលែន រួចអភិសេក ជាព្រះមហាក្សត្រ នៅគ.ស.៨០២ ទ្រង់បានលើករាជធានីមកតាំងនៅហរិហរាល័យ(រលួស)វិញ។ រលួសគឺជាតំបន់ស្ថិតនៅខាងជើងបឹងទន្លេសាប។ ព្រះមហាក្សត្រសម័យចេនឡា ក៏ធ្លាប់បានជ្រើសរើសតំបន់ខាងជើងបឹងទន្លេសាបនេះ សម្រាប់កសាងរាជធានីកាលពីស.វ.ទី ៧ ម្ដង រួចមកហើយ(នៅសំបូរព្រៃគុហ៍)។

  • ការកសាង និងស្នាដៃ

    ព្រះបាទជ័យវរ្ម័នទី២ ទោះបីជាព្រះអង្គ មានបេសកកម្មធំត្រូវរំដោះជាតិក៏ដោយ ក៏ព្រះអង្គយកចិត្ដទុកដាក់ ខំរិះគិតរកមធ្យោ បាយ រៀបចំទីក្រុងអោយបាននឹងនរ មានស្ថេរភាព និងមានការរីកចម្រើនដែរ ។ ដូច្នេះហើយ បានជាព្រះអង្គរុះរើ លើកព្រះរាជ ធានី ចុះឡើងៗ តែព្រះរាជធានីរបស់ព្រះអង្គស្ថិតនៅជានិច្ច តែក្នុងរង្វង់តំបន់បឹងទន្លសាប។ ដែលជាការចាប់ផ្ដើមកំណត់ទីតាំង ព្រះរាជធានីនគរធំ រឺ មហានគរ ទៅក្នុងអនាគតកាល ។

   ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ គេពុំសូវឃើញមានការកសាងប្រាង្គប្រាសាទធំៗទេ។ ឯទីក្រុងព្រះរាជធានីផ្សេងៗ ដែលព្រះ អង្គបានទៅតាំងទី ក៏មិនបានទុកនូវសំនៅអ្វីជាធំដុំ មានជាប់មកដល់បច្ចុប្បន្នដែរ។ ពីព្រោះសំណង់ទាំងនោះធ្វើអំពីឈើ រឺសម្ភារៈ មិនសូវជាមាំមួន បុព្វហេតុនេះគឺបណ្ដាលមកពីស្រុកមានសង្គ្រាម ព្រះអង្គគិតខំប្រឹងតែរៀបចម្ការតស៊ូ រំដោះជាតិពីអាណានិគម ជ្វាកោះជ្វា។ ម្យ៉ាងទៀត សន្ដិសុខក៏ពុំទាន់មានជាស្ថាពរក្នុងនគរដែរ ។

    ប្រាសាទដែលសង់ក្នុងរាជព្រះអង្គមានជាអាទិ ៖

  1. ប្រាសាទរំចែង ត្រូបានកសាងនៅភ្នំគូលែន ក្នុគ្រាដែលព្រះរាជធានីបានរើទៅតាំងនៅទីនោះ។
  2. ប្រាសាទអកយំ ដែលស្ថិតនៅម្ដុំបារាយណ៍ខាងលិច ត្រូវបានកសាងដោយឥដ្ឋ ។

ប្រាសាទទាំងនេះ មានរូបទំហំតូចមែន តែគេអាចកត់ទុកជាយុគថ្មីមួយរបស់ខ្មែរក្នុងវិស័យសិល្បៈ និងសាងសង់ ប្រាសាទ។  យើងបានឃើញប្រាសាទខ្មែរជំនាន់ក្រោយជាច្រើនកសាងទៅតាមលំនាំប្រាសាទរំចែងនិងអកយំ ។

    ក្រោយដែលបានទៅតាំងរាជធានីនៅភ្នំគូលែន រឺមហេន្រ្ទបរព៌ត ព្រះបាទជ័យវរ្ម័នទី២ បានយាងត្រលប់មកគង់នៅឯរលួស ទីក្រុងចាស់ ហរិហរាល័យ ព្រះអង្គបានចូលទីវង្គតនៅទីក្រុងនេះ ក្នុងគ.ស ៨៥៤ ក្នុងព្រះជន្មប្រហែល៩០វស្សា ព្រះអង្គ ជាព្រះ មហាក្សត្រខ្មែរយ៉ាងធំមួយព្រះអង្គ នៅក្នុងប្រវត្ដិព្រះអង្គបានរំដោះជាតិពីនឹមជ្វា ព្រះអង្គបានបង្រួបបង្រួមប្រទេសកម្ពុជាអោយ មានឯកភាព ហើយព្រះអង្គក៏ជាក្សត្រខ្មែរដែលបានស្ថាបនា កសាងទឹក ដីខ្មែរអោយធំធាត់មានកិត្យានុភាព ជាមហានគរដែរ។  ព្រះបាទជ័យវរ្ម័នទី២ ព្រះអង្គជាព្រះមហាក្សត្រមួយអង្គខ្លាំងពូកែ អង់អាចក្លាហាន ព្យាយាមតស៊ូ មានចិត្ដអំណត់ មានចំនេះវិជ្ជា ជ្រៅជ្រះ មានប្រាជ្ញាភ្លឺថ្លាវាងវៃ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីស្រុកខ្មែរ និងកូនចៅជំនាន់ក្រោយ ។

  •  ព្រះមហាក្សត្រផ្សេងទៀត

     ១.ព្រះបាទជ័យវរ្ម័នទី៣ (៨៥៤ - ៨៧៧)

      ព្រះបាទជ័យវរ្ម័នទី៣ ជាព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី២ បានឡើងសោយរាជសម្បត្ដិនគរខ្មែរ បន្ទាប់ពីបិតាព្រះអង្គ។ ព្រះ បរមរាជវាំង និងព្រះរាជធានីស្ថិតនៅហរិហរាល័យដដែល។ ក្នុងរជ្ជកាលព្រះអង្គ គេពុំបានសំគាល់ឃើញមានព្រឹត្ដិការណ៍អ្វីជា សំខាន់ទេ។ ប្រជាជនរស់នៅដោយសុខសន្ដិភាព។ សិលាចារឹក បានចារទុកមកថាព្រះអង្គមានតេជបារមីភ្លឺចាំងចែង ដូចព្រះ សុរិយា ព្រះអង្គមានសេចក្ដីក្លាហានអង់អាច ហើយបានពង្រីកទឹកដី កេរមរតកបិតាព្រះអង្គអោយរឹងរឹតតែធំទូលាយ។ សិលា ចារឹកដដែល បន្ដទៅទៀតថា ព្រះអង្គចូលចិត្ដបរបាញ់សត្វនិងទាក់ដំរី ។

    ព្រះបាទជ័យវរ្ម័ទី៣ បានចូលទីវង្គតក្នុងគ.ស.៨៧៧។ ព្រះអង្គពុំមានកូនប្រុស សម្រាប់ស្នងរាជ្យ បន្ដពីព្រះអង្គទេ។ នៅជុំ      វិញបរិវេណរលួសព្រះអង្គបានសាងសង់ ប្រាសាទព្រៃមន្ទីរ ប្រាសាទត្រពាំងពង់ និងជណ្ដើរទីមួយនៃប្រាសាទបាគង

    ២.ព្រះបាទឥន្រ្ទវរ្ម័នទី១ (គ.ស.៨៧៧ - ៨៨៩)

    ព្រះបាទឥន្រ្ទវរ្ម័នទី១ ជាក្សត្រដែលបានសោយរាជ្យបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៣ ករណីការឡើងសោយរាជ្យនេះគេពុំបាន ដឹងច្បាស់លាស់ទេ គេគ្រាន់តែដឹងថា ព្រះអង្គត្រូវបានព្រះរាជវង្សានុវង្ស ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រី ជ្រើសរើសតែងតាំងជា ព្រះមហាក្សត្រ។ ប៉ុន្ដែ គេអាចប៉ាន់ស្មានថា ព្រះអង្គបានព្រះរាជគ្រូព្រាហ្មណ៍ សិវសោមៈ ជា អ្នកជ្រោមជ្រែងជួយសម្រួលក្នុង ការឈោងយកឋានៈជាព្រះមហាក្សត្រ។ ព្រះរាជគ្រូសិវសោមៈ ត្រូវជាប់ជា បងប្អូននឹងព្រះបាទជ័យវរ្ម័នទី២។ ចំនែកព្រាហ្មណ៍ វាមសិវៈ ត្រូវជាចៅមីងរបស់ព្រាហ្មសិវកអិវលិយៈ ព្រះរាជគ្រូព្រះបាទជ័យវរ្ម័នទី២ ។ព្រះឥន្រ្ទវរ្ម័នទី១ មានជាប់ព្រះញាតិវង្សនឹង ព្រះបាទជ័យវរ្ម័នទី៣ដែរ ក្នុងឋានៈជាក្មួយ តែជាក្មួយឆ្ងាយ។ បិតាព្រះអង្គព្រះនាម ព្រះ[[ព្រិទ្ធិឥន្រ្ទវរ្ម័ន ជាកូនរបស់ប្អូនស្រី ព្រះ រុទ្រ្ទវរ្ម័ន ព្រះអង្គគង់នៅរាជធានី ហរិហរាល័យ ឯរលួស។

  • ក្រិត្យក្រមកំណត់ព្រះរាជវង្ស

    ប្រហែលជាដើម្បីជៀសវាងតទៅអនាគត កុំអោយកើតមានបញ្ហាចោទ ក្នុងការឡើងសោយរាជសម្បត្ដិ កុំអោយមានការ ដណ្ដើមអំណាចគ្នា ដែលជាប្រភពនៃជម្លោះនៃការបែកបាក់សាមគ្គី និងចម្បាំងរវាងជាតិឯង ទើបបានជាព្រះបាទឥន្រ្ទវរ្ម័នទី១  រៀបអោយមានក្បួនខ្នាតក្រិត្យវិន័យក្នុងរង្វង់ក្រកូលក្សត្រ ។ ក្រិត្យបញ្ជានោះមានកំណត់ថា ព្រះមហាក្សត្រ ជាប្រធានធំ លើ ព្រះរាជវង្សានុវង្សទាំងអស់។ ព្រះរាជវង្សស្ដេច ចែកចេញជាបីខ្សែ៖

  1. សម្ដេចព្រះឧបយោវរាជ មានស្វេតឆ័ត្រ៦ជាន់
  2. ព្រះឧបរាជ មានស្វេតឆ័ត្រ៥ជាន់
  3. មាតាព្រះមហាក្សត្រ រឺបុត្រីច្បងព្រះមហាក្សត្រ មានស្វេតឆ័ត្រ ៤ជាន់

    ក្រុមក្សត្រទាំងបីជំពូកនេះ សុទ្ធតែមានគ្រូអាចារ្យ នាម៉ឺនមុខមន្រ្ដី ទ័ពទាហានពលសេនា និងទឹកដីទ្រព្យសម្បត្ដិខ្ញុំកំដរទាសា ទាសីបរិវារ ដូចគ្នានឹងព្រះរាជា គ្រាន់តែតិចច្រើនជាងគ្នាប៉ុណ្ណោះ។ កូនចៅព្រះមហាក្សត្រ ក្នុងប្រាំតំណស្ថិតនៅក្នុងក្របខណ្ឌ ព្រះរាជវង្សដដែល ហើយមានសិទ្ធអំណាចនឹងឡើងគ្រង រាជសម្បត្ដិ ជាម្ចាស់ផែនដីបាន គឺនៅក្នុងចំណោមព្រះរាជវង្សទាំង ប្រាំតំណ រឺ ប្រាំជំនាន់នេះហើយ ដែលព្រាហ្មណ៍ និង នាម៉ឺនមន្រ្ដី ត្រូវជ្រើសរើសតែងតាំងស្ដេច ក្នុងពេលណាដែលព្រះ មហាក្សត្រចូលទីវង្គត ។

   
តាមធម្មតា គេតែងជ្រើសរើស ព្រះឧបរាជអោយឡើងធ្វើជាព្រះមហាក្សត្របន្ដរាជវង្ស។ ម្យ៉ាងទៀត សមាជិកនីមួយៗ របស់ ព្រះរាជវង្ស មុននឹងរៀបការ ត្រូវតែមានសេចក្ដីសុខចិត្ដយល់ព្រមអនុញ្ញាត ពីព្រះមហាក្សត្រសិន។ ចំណែកកូនស្ដេច ដែល ហួសពីប្រាំតំណ គេហៅថាព្រះវង្ស។ ស្ដេចទាំងនេះ គ្មានសិទ្ធិនឹងទាមទារឡើងធ្វើជាព្រះមហាក្សត្រឡើយ។ ដូច្នេះដើម្បីរក្សា អោយមានសិទ្ធិ អាចនឹងឡើងសោយរាជ្យទៅថ្ងៃក្រោយ ស្ដេចព្រះវង្ស ត្រូវស្វះស្វែងរៀបការជាមួយស្ដេចអង្គណា ដែលមិន ទាន់ អស់សិទ្ធិ។ ដោយសារបុព្វហេតុនេះ ទើបបានជាក្នុងចង្កោមព្រះរាជវង្សខ្មែរ គេសង្កេតឃើញស្ដេចខ្មែរ ច្រើនតែរៀបការ ជាមួយបងប្អូនឯង។

    ព្រះបាទឥន្រ្ទវរ្ម័នទី១ ជាព្រះមហាក្សត្រមួយអង្គធំកំពូល ក្លាហានខ្លាំងពូកែ ក្នុងចំម្បាំងព្រះអង្គមិនដែលចាញ់ រឺ ដកឃ្លាថយ ឡើយ សិលាចារឹកនៅប្រាសាទព្រះបាទ និង បាគង បានសរសេរបន្ដទៀតថា «ព្រះបាទឥន្រ្ទវរ្ម័នទី១ ជាព្រះមហាក្សត្រ ដែល ប្រកបទៅដោយទសពិធរាជធម៌ ជាទីត្រជាក់ត្រជុំរបស់ប្រជានុរាស្រ្ដ។ ព្រះអង្គមានគុណសម្បត្ដិគ្រប់យ៉ាងឥតមានខ្វះ ព្រះអង្គ មានមហិទ្ធិរិទ្ធិអំណាចបីយ៉ាង ព្រះអង្គអាចយកជ័យជម្នះឈ្នះលើរូបព្រះអង្គ ព្រះអង្គមិនដែលភ្លេចគោរពបូជាព្រះ ហើយព្រះ អង្គបានការពារទឹកដីដូចជាម៉ានូ(១)
ដោយស្គាល់ដឹងយល់អ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ។ ព្រះបាទឥន្ទ្រវរ្ម័នទី១ បាន ចូលទីវង្គតក្នុងគ.ស ៨៨៩ នៅរាជធានី ហរិហរាល័យ

    (១) ម៉ានូ ជាតួអង្គមួយសំខាន់ណាស់ នៅក្នុងព្រាហ្មណ៍សាសនា គឺជាតួអង្គដែលទទួលច្បាប់បញ្ញាតិពីព្រះអាទិទេព យក មកអោយមនុស្សលោកអនុវត្តប្រតិបត្ដិតាម។ ព្រះព្រហ្មបានបង្កបង្កើតពិភពលោក និង ផ្ដល់ជីវិតដល់ម៉ានូ ម៉ានូបានទទួល ធម្មសាស្រ្ដ ពីព្រះព្រហ្ម។ ហើយបន្ទាប់មក គឺម៉ានូនេះជាអ្នកបង្កើតម៉ានូ និង ព្រាហ្មណ៍ជាច្រើនទៀត ដើម្បីរៀបចំ កសាង ពិភពលោក។

  •  ការកសាងនិងស្នាដៃ

      កាលបើឡើងសោយរាជភ្លាម ក្នុងគ.ស ៨៧៩ កាតព្វកិច្ចដំបូងរបស់ព្រះអង្គគឺកសាងប្រាសាទ និងរៀបចំព្រះរាជធានី ហរិហរាល័យ នៅរលួស ប្រាង្គប្រាសាទដែលព្រះអង្គសាងសង់មាន៖

  1.  ប្រាសាទព្រះគោ ដែលមានកំពូលទាំងអស់៦ ត្រូវបានសង់មុនគេ ក្នុងគ.ស.៨៧៩ ដើម្បីទុកជាទីសក្ការៈបូជានៅខាង ក្នុង ព្រះអង្គបានតម្កល់លិង្គព្រះឥសូរ ព្រះបដិមាករតំណាងព្រះឥសូរ និង ព្រះនាងឧបមា មហេសីព្រះឥសូរ ដែលមាន រូបរាងមុខមាត់ ដូចនឹងជីដូនជីតាព្រះអង្គខាងម្ដាយ និង ដូចព្រះបាទជ័យវរ្ម័នទី២ និង អគ្គមហេសី។ ប្រាសាទព្រះគោ បានសង់ទៅដោយឥដ្ឋ មានប្រវែង ៩៧ម x ៩៤ ម៉ែត្រ និង កំពស់១៥ម ។
  2. ប្រាសាទបាគង ជាប្រាសាទមួយទៀត ដែលព្រះអង្គបានកសាង លើទីកន្លែងជិតនោះដែរ ក្នុងគ.ស ៨៨១។ប្រាសាទ បាគង មានទំហំ ៦៧ម x ៦៥ម សង់លើខឿនខ្ពស់ពីដី ១៥ម ហើយមានកំពូលទាំងអស់៩។ កំពូលប្រាសាទចំកណ្ដាល ខ្ពស់ជាងគេ មានកំពស់ ១៥ម។ ក្នុងនោះព្រះបាទឥន្រ្ទវរ្ម័នទី១ តម្កល់លិង្គព្រះឥសូរ។ ឯកំពូល ៨ទៀតត្រូវបានសង់ដាក់ តម្រង់ទៅតាមទិសទាំងប្រាំបី ។
  3. បារាយណ៍លលៃ ស្ថិតនៅក្នុងគោលគំនិត នយោបាយទឹក ដែលជីកព្រែកស្រះ បឹងត្រពាំង នៅតាមភូមិស្ថានគ្រប់ទិសទី តម្រូវទៅតាមសេចក្ដីត្រូវការរបស់បណ្ដាជន និងនយោបាយកសាងជាតិ ការជីកកសាងបារាយណ៍លលៃ មិនមែនជា ការផ្សងព្រេង មិនមែនជាការពិសោធន៍ ធ្វើយកល្អមើលនោះទេ អ្វីៗសុទ្ធតែត្រិះរិះគិតគូរយ៉ាងល្អិតល្អន់ ដើម្បីអោយ សមិទ្ធិបារាយណ៍នេះ អាចចែកចាយទឹក ផ្សព្វផ្សាយពាសពេញព្រះរាជធានី ភូមិជិតឆ្ងាយ និងស្រែចម្ការនៅ ក្បែរនោះ បារាយណ៍លលៃនៅរលួស មានទំហំ ៣៨០០ម x ៨០០ម ហើយទុកទឹកបានយ៉ាងតិច ៦០០០.០០០មត្រីគុណ។ ស្នាដៃ នេះ អ្នកវិទ្យាសាស្រ្ដ អ្នកបុរាណវិទ្យា និងអ្នកប្រវត្ដិសាស្ដ្រ ដែលបានសិក្សាអំពីប្រវត្ដិសាស្រ្ដខ្មែរបាន ទទួលស្គាល់ កោត សរសើរ និង បញ្ជាក់ថា ជាជំហាន ដំបូងដែលនាំប្រទេសខ្មែរឆ្ពោះទៅរកការីកចម្រើន ក្លាយទៅ ជាមហាអំណាច ។